ចៅហ្វាយ 12

ទំនាស់រវាងកុល‌សម្ព័ន្ធអេប្រាអ៊ីម និងលោកយែបថា

1 អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជន‌ជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។

2 លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជា‌ជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជន‌ជាតិអាំម៉ូន ខ្ញុំបានហៅបង‌ប្អូនដែរ តែបង‌ប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។

3 ដោយឃើញថាបង‌ប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្ដូរជីវិត ចេញទៅប្រយុទ្ធនឹងជន‌ជាតិអាំម៉ូន ហើយព្រះ‌អម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ថ្ងៃនេះ ហេតុដូចម្ដេចបានជាបង‌ប្អូនលើកគ្នាមកធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។

4 លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុល‌សម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុល‌សម្ព័ន្ធម៉ាណា‌សេ!»។

5 អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ»

6 នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូ‌លេត» ហើយបើអ្នកនោះនិយាយថា «ឈីបូ‌លេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ- ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអ៊ីមបួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។

7 លោកយែបថា ជាអ្នកស្រុកកាឡាដ គ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល អស់រយៈពេលប្រាំមួយឆ្នាំ រួចលោកក៏ទទួលមរណ‌ភាពទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់លោក។

លោកអ៊ីប‌សាន លោកអេឡូន និងលោកអាប់ដូន

8 ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីប‌សាន ជាអ្នកស្រុកបេថ្លេ‌ហិម បានឡើងគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល។

9 លោកមានកូនប្រុសសាម‌សិបនាក់ និងកូនស្រីសាម‌សិបនាក់។ លោកបានលើកកូនស្រីឲ្យរៀប‌ការនឹងបុរសនៅកុល‌សម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុល‌សម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសលោកដែរ។ លោកបានគ្រប់‌គ្រងលើប្រជា‌ជនអ៊ីស្រា‌អែលអស់រយៈពេលប្រាំ‌ពីរឆ្នាំ

10 រួចលោកក៏ទទួលមរណ‌ភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេ‌ហិម។

11 ក្រោយលោកអ៊ីប‌សាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុល‌សម្ព័ន្ធសាប់យូ‌ឡូន បានឡើងគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល អស់រយៈពេលដប់ឆ្នាំ

12 រួចលោកក៏ទទួលមរណ‌ភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ា‌ឡូន ក្នុងទឹកដីសាប់យូ‌ឡូន។

13 ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់‌ដូន ជាកូនរបស់លោកហ៊ី‌លេល ជាអ្នកស្រុកពីរ៉ា‌ថូន បានឡើងគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល

14 លោកមានកូនប្រុសសែ‌សិបនាក់ និងចៅប្រុសសាម‌សិបនាក់ ដែលមានលាចិត‌សិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល អស់រយៈពេលប្រាំបីឆ្នាំ

15 រួចលោកទទួលមរណ‌ភាព។ គេបញ្ចុះសពលោកនៅភូមិពីរ៉ា‌ថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជន‌ជាតិអាម៉ា‌ឡេក។