កិច្ចការ 6

ការជ្រើសរើសក្រុមប្រាំ‌ពីររូប

1 នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជន‌ជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូ‌រទាំទាស់នឹងជន‌ជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។

2 សាវ័ក*ទាំងដប់‌ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ទៅបម្រើតុឡើយ។

3 ហេតុនេះ បង‌ប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំ‌ពីររូបក្នុងចំណោមបង‌ប្អូនដែលជាអ្នកមានកេរ្តិ៍‌ឈ្មោះល្អ ហើយពោរ‌ពេញដោយព្រះ‌វិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែង‌តាំងគេឲ្យបំពេញមុខ‌ងារនេះ។

4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះ‌បន្ទូល»។

5 ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរ‌ពេញដោយជំនឿ និងដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* លោកភីលីព លោកប្រូខូ‌រ៉ុស លោកនីកា‌ន័រ លោកទីម៉ូន លោកប៉ាមេ‌ណា និងលោកនីកូ‌ឡាស ជាអ្នកស្រុកអន់‌ទី‌យ៉ូក ដែលចូលសាសនាយូដា។

6 គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។

7 ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ក៏ឮសុស‌សាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូ‌សាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជា‌ចារ្យ*ដ៏ច្រើនលើស‌លប់ សុខចិត្ត ប្រតិបត្តិតាមជំនឿដែរ។

លោកស្ទេផានត្រូវគេចាប់ខ្លួន

8 លោកស្ទេផានបានពោរ‌ពេញដោយព្រះ‌គុណ និងឫទ្ធា‌នុភាព ដែលធ្វើឲ្យលោកសម្តែងឫទ្ធិ‌បាដិ‌ហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោមប្រជា‌ជន។

9 មានអ្នកខ្លះជាសមាជិកសាលាប្រជុំ*ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេ‌ក្សាន‌ទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលី‌គា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន

10 ប៉ុន្តែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះ‌វិញ្ញាណ។

11 ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះ‌ជាម្ចាស់»។

12 គេបានបំបះ‌បំបោរប្រជា‌ជន បំបះ‌បំបោរពួកព្រឹទ្ធា‌ចារ្យ* និងពួកអាចារ្យ* រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់*។

13 គេនាំសាក្សីក្លែង‌ក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះ‌វិហារ* ប្រឆាំងនឹងក្រឹត្យ‌វិន័យ* ឥតឈប់ឈរ។

14 យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសា‌រ៉ែត នោះនឹងរុះព្រះ‌វិហារចោល ព្រមទាំងប្ដូរប្រពៃ‌ណីដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។

15 អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់‌ទ្រាយដូចមុខរបស់ទេវតា*។

—https://d1b84921e69nmq.cloudfront.net/364/32k/ACT/6-6686d7bf534cd7f64574e7a3e37365b3.mp3?version_id=85—