កាឡាទី 4

1 ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វី‌ដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ

2 កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។

3 រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចី នៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិ‌ពលលើលោកីយ៍ នេះ

4 ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះ‌ជាម្ចាស់ក៏ចាត់ព្រះ‌បុត្រារបស់ព្រះ‌អង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង

5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រ របស់ព្រះ‌អង្គ។

6 បង‌ប្អូនពិតជាបុត្ររបស់ព្រះ‌ជាម្ចាស់មែន ព្រោះព្រះ‌អង្គបានចាត់ព្រះ‌វិញ្ញាណនៃព្រះ‌បុត្រារបស់ព្រះ‌អង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះ‌វិញ្ញាណនេះហើយ ដែលបន្លឺព្រះ‌សូរសៀងឡើងថា «អប្បា ! ឱព្រះ‌បិតា!»។

7 ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះ‌អង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះ‌ជាម្ចាស់ប្រទានឲ្យនោះដែរ។

លោកប៉ូលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី

8 កាលពីដើម បង‌ប្អូនពុំស្គាល់ព្រះ‌ជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះ‌នានា ដែលមិនមែនជាព្រះ‌ពិតប្រាកដ។

9 តែឥឡូវនេះ បង‌ប្អូនស្គាល់ព្រះ‌ជាម្ចាស់ បើនិយាយឲ្យចំ ព្រះ‌អង្គបានស្គាល់បង‌ប្អូនហើយ ហេតុដូចម្ដេចបានជាបង‌ប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិ‌ពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិ‌ពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះសាជាថ្មីវិញដូច្នេះ?

10 បើបង‌ប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។

11 ខ្ញុំបារម្ភក្រែងតែការនឿយ‌ហត់ដែលខ្ញុំធ្វើសម្រាប់បង‌ប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។

12 បង‌ប្អូនអើយ ខ្ញុំអង្វរបង‌ប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបង‌ប្អូនដែរ។ បង‌ប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។

13 បង‌ប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹង‌ល្អមកជូនបង‌ប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ ។

14 ក៏ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបង‌ប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បង‌ប្អូនពុំបានមើល‌ងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បង‌ប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះ‌ជាម្ចាស់ ឬដូចទទួលព្រះ‌គ្រិស្ដ‌យេស៊ូដែរ។

15 តើអំណរសប្បាយដែលបង‌ប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បង‌ប្អូនក៏បង‌ប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបង‌ប្អូនអាចធ្វើបាន។

16 ឥឡូវនេះ តើបង‌ប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?

17 រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបង‌ប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបង‌ប្អូនចេញពីយើង ដើម្បីឲ្យបង‌ប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។

18 ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។

19 កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះ‌គ្រិស្ដបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។

20 ខ្ញុំចង់នៅជិតបង‌ប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបង‌ប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបង‌ប្អូនទេ។

សម្ពន្ធ‌មេត្រីចាស់ និងសម្ពន្ធ‌មេត្រីថ្មី

21 បង‌ប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យ‌វិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបង‌ប្អូនមិនយល់សេចក្ដីដែលក្រឹត្យ‌វិន័យចែងទុកមកទេឬ?

22 ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា ។

23 ក៏ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់។

24 យើងអាចចាត់ទុករឿងនេះជានិមិត្ត‌រូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធ‌មេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធ‌មេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។

25 នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ត‌រូបនៃក្រុងយេរូ‌សាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។

26 រីឯក្រុងយេរូ‌សាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ

27 ដ្បិតមានចែងទុកមកថា:

«នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន

បង្កើតកូនអើយ ចូរអរសប្បាយឡើង!

នាងពុំធ្លាប់ឈឺផ្ទៃអើយ

ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង!

ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ

នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី

ដែលមានប្ដីទៅទៀត។»

28 បង‌ប្អូនអើយ បង‌ប្អូនបានកើតមកតាមព្រះ‌បន្ទូលសន្យាដូចលោកអ៊ីសាកដែរ។

29 ប៉ុន្តែ ពីអតីត‌កាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀត‌បៀនកូនដែលកើតមកតាមព្រះ‌វិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។

30 តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថា:«ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ»។

31 ហេតុនេះ បង‌ប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីអ្នកងារទេ គឺជាកូនរបស់ស្ត្រីអ្នកជា។

—https://d1b84921e69nmq.cloudfront.net/364/32k/GAL/4-b5278e760e94d1f04725ddbdc63544d8.mp3?version_id=85—