កាឡាទី 2

លោកប៉ូល និងសាវ័កឯទៀតៗនៅក្រុងយេរូ‌សាឡឹម

1 ដប់‌បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូ‌សាឡឹមម្ដងទៀតជាមួយលោកបារ‌ណា‌បាស ទាំងនាំលោកទីតុសទៅជាមួយដែរ។

2 ខ្ញុំឡើងទៅក្រុងយេរូ‌សាឡឹមដូច្នេះ មកពីព្រះ‌ជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បង‌ប្អូនដែលនៅទីនោះអំពីដំណឹង‌ល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។

3 រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ

4 ថ្វី‌ដ្បិតតែមានពួកបង‌ប្អូនក្លែង‌ក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរី‌ភាពដែលយើងមានក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។

5 យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយ‌ភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹង‌ល្អសម្រាប់បង‌ប្អូន។

6 រីឯបង‌ប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះ‌ជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។

7 ផ្ទុយទៅវិញ គេបានឃើញថា ព្រះ‌ជាម្ចាស់ប្រគល់មុខ‌ងារផ្សព្វផ្សាយដំណឹង‌ល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះ‌អង្គបានប្រគល់មុខ‌ងារផ្សព្វ‌ផ្សាយដំណឹង‌ល្អដល់សាសន៍យូដាឲ្យលោកពេត្រុសដែរ

8 ដ្បិតព្រះ‌ជាម្ចាស់ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខ‌ងារជាសាវ័ក*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះ‌អង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខ‌ងារជាសាវ័ក សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។

9 កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបង‌ប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុម‌ជំនុំ បានទទួលស្គាល់ថា ព្រះ‌ជាម្ចាស់ប្រណី‌សន្ដោស ដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារ‌ណា‌បាស ទុកជាសញ្ញាថា យើងរួប‌រួមគ្នា គឺលោកបារ‌ណា‌បាស និងខ្ញុំទៅផ្សាយដំណឹង‌ល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹង‌ល្អដល់សាសន៍យូដា។

10 ពួកលោកគ្រាន់តែសុំឲ្យយើងគិត‌គូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះ‌ខ្នែងបំពេញស្រាប់ហើយ។

ការខ្វែងគំនិតគ្នារវាងលោកប៉ូល និងលោកពេត្រុស

11 ក៏ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់‌ទី‌យ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។

12 លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបង‌ប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបង‌ប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបង‌ប្អូនសាសន៍យូដា ។

13 បង‌ប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារ‌ណា‌បាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។

14 ពេលខ្ញុំឃើញបង‌ប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹង‌ល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។

15 រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។

16 យើងដឹងថា ព្រះ‌ជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យ‌វិន័យទេ គឺបានសុចរិតដោយ‌សារជំនឿលើព្រះ‌យេស៊ូគ្រិស្ដវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះ‌គ្រិស្ដ‌យេស៊ូដែរ ដើម្បីព្រះ‌ជាម្ចាស់ប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿរបស់ព្រះ‌គ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យ‌វិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យ‌វិន័យឡើយ។

17 ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះ‌គ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះ‌គ្រិស្ដនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!

18 ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្ត ល្មើសក្រឹត្យ‌វិន័យ។

19 ដោយ‌សារក្រឹត្យ‌វិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យ‌វិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះ‌ជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះ‌គ្រិស្ដ

20 ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះ‌គ្រិស្ដទេតើ ដែលមានព្រះ‌ជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះ‌ជន្មសម្រាប់ខ្ញុំ។

21 ខ្ញុំមិនលុបបំបាត់ព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយ‌សារក្រឹត្យ‌វិន័យនោះ បានសេចក្ដីថា ព្រះ‌គ្រិស្ដសោយទិវង្គតឥតបានការអ្វីទេ!

—https://d1b84921e69nmq.cloudfront.net/364/32k/GAL/2-2ef917fd13a370ad6c77d3b45fa7a92a.mp3?version_id=85—