កាឡាទី 1

សេចក្ដីផ្ដើម

1 ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែង‌តាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែង‌តាំងឡើងដោយព្រះ‌យេស៊ូគ្រិស្ដ និងព្រះ‌ជាម្ចាស់ជាព្រះ‌បិតា ដែលប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ។

2 ខ្ញុំ និងបង‌ប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុម‌ជំនុំទាំង‌ឡាយនៅស្រុកកាឡាទី។

3 សូមព្រះ‌ជាម្ចាស់ ជាព្រះ‌បិតានៃយើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ* ប្រទានព្រះ‌គុណ និងសេចក្ដីសុខដល់បង‌ប្អូន។

4 ព្រះ‌អម្ចាស់យេស៊ូបានបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះ‌អង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង។

5 សូមលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គអស់‌កល្បជាអង្វែងតរៀងទៅ! អាម៉ែន!

ដំណឹង‌ល្អមានតែមួយគត់

6 ខ្ញុំឆ្ងល់ណាស់ ដោយឃើញបង‌ប្អូនឆាប់ងាកចេញពីព្រះ‌ជាម្ចាស់ដែលបានត្រាស់ហៅបង‌ប្អូន ស្របតាមព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់ជាព្រះ‌បិតានៃយើង ហើយបង‌ប្អូនបែរទៅរកដំណឹង‌ល្អមួយផ្សេងទៀត

7 តាមពិតគ្មានដំណឹង‌ល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹក‌វរ និងចង់បំភ្លៃដំណឹង‌ល្អរបស់ព្រះ‌គ្រិស្ដប៉ុណ្ណោះ។

8 ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវតា*ណាមួយពីស្ថានបរម‌សុខ*ក្ដី នាំដំណឹង‌ល្អណាផ្សេងមកប្រាប់បង‌ប្អូន ខុសប្លែកពីដំណឹង‌ល្អដែលយើងបាននាំមកជូនបង‌ប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដា‌សាទៅចុះ!

9 ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹង‌ល្អផ្សេងមកជូនបង‌ប្អូន ខុសប្លែកពីដំណឹង‌ល្អដែលបង‌ប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដា‌សាចុះ!

10 ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះ‌គ្រិស្ដទៀតហើយ!

អំពីព្រះ‌យេស៊ូនាំលោកប៉ូលឲ្យស្គាល់ព្រះ‌អង្គ

11 បង‌ប្អូនអើយ ខ្ញុំសូមជម្រាបបង‌ប្អូនថា ដំណឹង‌ល្អ*ដែលខ្ញុំបាននាំមកជូនបង‌ប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ

12 រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះ‌យេស៊ូគ្រិស្ដ*ឯ‌ណោះ ដែលបានសម្តែងឲ្យខ្ញុំស្គាល់។

13 បង‌ប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀត‌បៀនក្រុម‌ជំនុំរបស់ព្រះ‌ជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចក្រុម‌ជំនុំនេះទៀតផង។

14 ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះ‌ខ្នែងកាន់តាមប្រពៃ‌ណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។

15 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះ‌អង្គបានត្រាស់ហៅខ្ញុំ ដោយព្រះ‌គុណរបស់ព្រះ‌អង្គ។

16 នៅពេលព្រះ‌អង្គសព្វព្រះ‌ហឫទ័យសម្តែងឲ្យខ្ញុំស្គាល់ព្រះ‌បុត្រារបស់ព្រះ‌អង្គ ដើម្បីឲ្យខ្ញុំនាំដំណឹង‌ល្អអំពីព្រះ‌បុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ ឡើយ។

17 ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូ‌សាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។

18 បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូ‌សាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។

19 ប៉ុន្តែ ខ្ញុំពុំបានជួបនឹងសាវ័ក*ណាផ្សេងទៀតឡើយ លើក‌លែងតែលោកយ៉ាកុប ជាប្អូនរបស់ព្រះ‌អម្ចាស់ប៉ុណ្ណោះ។

20 សេចក្ដីដែលខ្ញុំសរសេរមកជូនបង‌ប្អូននេះឥតកុហកទេ មានព្រះ‌ជាម្ចាស់ជាសាក្សីស្រាប់។

21 បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកគីលី‌គា

22 តែក្រុម‌ជំនុំនានាដែលជឿព្រះ‌គ្រិស្ដនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។

23 បង‌ប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀត‌បៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹង‌ល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។

24 គេក៏នាំគ្នាលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ ព្រោះតែខ្ញុំ។

—https://d1b84921e69nmq.cloudfront.net/364/32k/GAL/1-31bbf00669d845f0ab330085b3bf3d61.mp3?version_id=85—